ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អមដំណើរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយចែកជូនប្រជារាស្ត្រដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសាមគ្គីមានជ័យ ចំនួន ២១២ គ្រួសារ

15

កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ស្រុក ឃុំ បានអមដំណើរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លា ទៅចែកជូនប្រជារាស្ត្រដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសាមគ្គីមានជ័យ ចំនួន ២១២ គ្រួសារ។

ក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំងបានពាំនាំ នូវព្រះរាជបណ្ដាំសួរសុខទុក្ខ របស់ព្រះអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនប្រជារាស្ត្ររងគ្រោះនៅក្នុងឃុំចំនួន៥ នៃស្រុកសាមគ្គីមានជ័យ និងព្រះរាជបណ្ដាំចូលរួមរំលែកទុក្ខចំពោះគ្រួសារដែលបានបាត់បង់ ជីវិតសមាជិកម្នាក់ ដោយលង់ទឹក។

ព្រះរាជអំណោយដែលបាន ចែកជូនប្រជារាស្ត្ររងគ្រោះ ទាំង ២១២ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គ.ក្រ តង់១ ឃីត១ (មី២កេស អាវយឺត១ មុង១ សារុង១ ភួយ១ ក្រម៉ា១ ម៉ាស់១ប្រអប់) និងថវិកា ៤០ម៉ឺនរៀល។ ចំពោះគ្រួសារដែលបានបាត់បង់ជីវិតសមាជិកម្នាក់ ទទួលបាន អង្ករ៥០គ.ក្រ តង់១ ឃីត១ (មី២កេស អាវយឺត១ មុង១ សារុង១ ភួយ១ ក្រម៉ា១ ម៉ាស់១ប្រអប់) និងថវិកា ៨០ម៉ឺនរៀល។

 

មតិឆ្លើយតប

Your email address will not be published.