ភិក្ខុ អុន សីហា ត្រូវបានសង្ឃដីកាសម្រេចរបស់សាលាគណខេត្តកំពង់ឆ្នាំង ប្រកាសតែងតាំងជាព្រះចៅអធិការវត្តស្តីទីភ្នំចំពុះ ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ

21

កំពង់ឆ្នាំងៈនាព្រឹកថ្ងៃព្រហស្បតិ៍១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៣ នៅវត្តភ្នំចំពុះ ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងមានប្រារព្ធពិធីប្រកាសសង្ឃដីកា សម្រេចតែងតាំង ព្រះចៅអធិការស្តីទីវត្ត និង ស្រោចស្រពព្រះសុគន្ធវារី នៅវត្តភ្នំចំពុះ ក្រោមព្រះអធិបតីភាព ដ៏ខ្ពង់ខ្ពស់ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈ ថ្នាក់កិត្តិយស ទីប្រឹក្សាគណៈសង្ឃនាយ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះអនុគណស្រុករលាប្អៀរ និង លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ត និង អញ្ជើញ ចូលរួមពី ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈ ថ្នាក់កិត្តិយស ទីប្រឹក្សាគណៈសង្ឃនាយ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិង ជាព្រះជំនួយការសាលាគណខេត្ត ព្រះគ្រូសិរីបញ្ញោណ អ៊ុច សុផលព្រះធម្មធរស្តីទី អនុគណស្រុករលាប្អៀរ មន្រ្តីសង្ឃសាលាអនុគណស្រុក ព្រះសង្ឃក្នុងវត្ត ការិយាល័យជំនាញខេត្ត ស្រុក លោកមេភូមិ លោកមេឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមផងដែរ។

ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ជំនួយការសាលាគណខេត្តនិងជាលេខាធិការសាលាអនុគណស្រុករលាប្អៀរ បានអានសង្ឃដីកាសម្រេចរបស់សាលាគណខេត្តកំពង់ឆ្នាំងសម្រេចតែងតាំងព្រះភិក្ខុ អុន សីហា ជាព្រះចៅអធិការស្តីទីវត្តភ្នំចំពុះ ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បន្ទាប់មកព្រះមេតិ្តសត្ថា វង្ស កុសល លោក សរ លាង ព្រះគ្រូសិរីបញ្ញោណ អ៊ុច សុផល ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះគ្រូសិរីបញ្ញោណ អ៊ុច សុផល បាន ប្រគេនសង្ឃដីកាសម្រេចតែងតាំងនិងត្រារួចមករួចមក!

លោក សរ លាង បានថ្លែងថាៈ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ពេញលេញ វិស័យពុទ្ធចក្រ និង អាណាចក្រ មានការអភិវឌ្ឍរីកចម្រើនទន្ទឹមគ្នាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធា និង មានសិទ្ធិគោរពតាមជំនឿសាសនារៀងៗខ្លួន ។ ជាពិសេសប្រទេសកម្ពុជាបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូចនេះមានប្រជាពលរដ្ឋជាច្រើន បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា ។

លោក សរ លាងក៏បានសំណូមពរ ដល់ព្រះគ្រូចៅអធិការវត្តស្តីទី ដែលទើបនិងតែងតាំងថ្មីត្រូវសហការសាមគ្គីជាមួយគណៈកម្មការ និង អាចារ្យអោយបានល្អគឺត្រូវប្រតិបត្តិតាមតួនាទីភារកិច្ចដែលថ្នាក់លើបានកំណត់ជៀសវាងកើតមានអធិករណ៍នៅក្នុងវត្ត។

លោក សរ លាង ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងអោយបានគ្រប់ដូស បន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និង ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺ កូវីដ១៩ ប្រភេទថ្មីកុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង។ ជាពិសេសត្រូវចូលរួមគោរព
ច្បាប់ចរណ៍ អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសវាងប្រព្រឹត្តអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម កត្តាសំខាន់ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលមានបច្ចុប្បន្ន
អោយនៅគង់វង្ស។

ព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីថាៈការប្រកាសផ្តល់ដំណែងដល់មន្រ្តីសង្ឃនាពេលនេះគឺដើម្បីបំពេញអោយបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនានិងដើម្បីកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តអោយកាន់តែទទួលបានសមិទ្ធិផលថ្មីៗថែមទៀត ។ ពុទ្ធចក្រ និង អាណាចក្រ សំខាន់ត្រូវប្រតិបត្តិនូវព្រះធម៌ សាមគ្គីធម៌ និងកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាព្រោះថាវត្តអារាមជាទីជំរកអប់រំ រិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកចរិយាធម៌សង្គម លុបបំបាត់អំពើហឹង្សាក្នុងគ្រួសារនិងសង្គមជាតិ។

នៅចុងបញ្ចប់ព្រះមេត្តិសត្ថា វង្ស កុសល ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះគ្រូសិរីបញ្ញោណ អ៊ុច សុផល លោក សរ លាង និង សហការី ព្រមទាំងពុទ្ធបរិស័ទបានស្រោចស្រពព្រះសុគន្ធវារីដល់ព្រះភិក្ខុ អុន សីហា ព្រះចៅអធិការស្តីទីទើបនិង តែងតាំងថ្មីផងដែរ៕

មតិឆ្លើយតប

Your email address will not be published.