កិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការងារ ផ្តល់សេវាសាធារណៈ លើវិស័យដីធ្លី និងសំណង់ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង

100

កំពង់ឆ្នាំង៖ នៅព្រឹកអង្គារ០៩ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការងារផ្តល់សេវាសាធារណៈ លើវិស័យដីធ្លី និងសំណង់ របស់មន្ទីរ ដ.ន.ស.ស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក អ៊ុក កីឡា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង លោក ឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត និងលោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងដើម្បីដើម្បីពិនិត្យ និងជំរុញបន្ថែមលើការផ្តល់សេវាសាធារណៈលើវិស័យដីធ្លី និងសំណង់ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក អនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យជំនាញ លោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យរៀបចំដែន នគរូបនីយកម្ម សំណង់ និងភូមិបាល( ដ.ន.ស.ភ) ក្រុង-ស្រុក សរុបចំនួន ២៤ នាក់។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក អ៊ុក កីឡា ប្រធានការិយាល័យប្រជាពលរដ្ឋ និងលោក ឈាង បូរ៉ាប្រធានអង្គភាពច្រកចេញ-ចូលប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់លោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ នៃមន្ទីរ ដ.ន.ស.ស ខេត្ត ក៏ដូចជាប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យ ដ.ន.ស.ភ ក្រុង-ស្រុកទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការជំនាញជាច្រើន និងការចូលរួមសហការជាមួយអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។

លោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់លោក អ៊ុក កីឡា ប្រធានការិយាល័យប្រជាពលរដ្ឋ និងលោក ឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញ-ចូលតែមួយខេត្ត ដែលបានជួយសម្របសម្រួលការងារផ្តល់សេវាសាធារណៈលើវិស័យដីធ្លី និងសំណង់ និងបានស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធ និងការិយាល័យ ដ.ន.ស.ភ ក្រុង-ស្រុកទាំងអស់ បន្តសហការចូលរួមផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់ ក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន គឺធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានតម្លាភាព។

មតិឆ្លើយតប

Your email address will not be published.