ប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះ ក្នុងស្រុកសាមគ្គីមានជ័យ បានទទួលអំណោយឧបត្ថម្ភរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ
កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អញ្ជើញនាំយក ស័ង្កសីចំនួន ៦០សន្លឹក ស៊ីម៉ង់ត៍៦បេ អង្ករ ៥០គីឡូក្រាម សម្ភារ ប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលត្រូវអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង នៅភូមិហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ចូលរួមសោកស្តាយជាទីបំផុតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ ។ ឯកឧត្តម បានបន្តថា ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ ។
ឯកឧត្តម មេបញ្ជាការ ក៏បានក្រើនរំលឹកដល់គ្រួសាររងគ្រោះ ទៅថ្ងៃមុខត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង ដូចពាក្យចាស់ពោលថា “ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ” ។
ជាចុងបញ្ចប់ គ្រួសាររងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ និងសូមគាំទ្រ ឯកឧត្តម ជាបេក្ខភាព នាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត១០០% ។