មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចខិតខំបំពេញភារកិច្ចរបស់នាយ-ពលទាហាន ទទួលបានលទ្ធផលល្អប្រសើរ

32

 

 

កំពង់ឆ្នាំង: ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងអំណរគុណ និងកោតសរសើរដល់នាយ-ពលទាហាន ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការត្រៀមអន្តរាគមន៍សភាពការណ៍ជាយថាហេតុនានា ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម មេបញ្ជាការ ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តខែមិថុនា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។

ឯកឧត្តម មេបញ្ជាការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយ-ពលទាហាន គ្រប់បណ្តាអង្គភាព ការិយាល័យ ផ្នែកចំណុះ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការបំពេញភារកិច្ចដែលថ្នាក់លើដាក់ជូន បានសម្រេចតាមផែនការក្នុងរយៈពេលកន្លងមក ជាពិសេសការត្រៀមកម្លាំងអន្តរាគមន៍ពេលមានសភាពការណ៍ផ្សេងៗ តាំងពីថ្ងៃចាប់ផ្តើមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រហូតដល់ថ្ងៃបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ទទួលបានលទ្ធផលជាវិជ្ជមានដ៏ត្រចះត្រចង់ ។

ឯកឧត្តម មេបញ្ជាការ បានបន្តណែនាំដល់គ្រប់បណ្តាការិយាល័យ ផ្នែក និង អង្គភាពចំណុះទីបញ្ជាការទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឈានទៅដល់គោលដៅ និងទទួលបានលទ្ធផលកាន់តែប្រសើរបន្ថែមទៀត ។

ជាចុងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានជូនពរដល់ នាយ-ពលទាហាន មានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

 

 

មតិឆ្លើយតប

Your email address will not be published.