ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដាក់បទបញ្ជា គ្រប់បទល្មើសត្រូវបង្ក្រាបជាដាច់ខាតមិនឲ្យកើតមានជាបន្តទៀត

40

កំពង់ធំ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំការប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅក្នុងសាលាខេត្តកំពង់ធំ ដោយបានដាក់វិធានការដល់មន្ត្រីជំនាញ អាជ្ញាធរនៅមូលដ្ឋាន ត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឡូតូ កន្ទុយលេខ និងអនឡាញជល់មាន់ជាបន្ទាន់ និងគ្រប់បទល្មើស តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ផងដែរ ។

ឯកឧត្តមបានលើកឡើងថាការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអភិបាលក្រុងស្រុកត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំគ្រប់មូលដ្ឋានដើម្បីក្តាប់សភាពការណ៍និងសហការគ្នាបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។

ចំពោះបទល្មើសនេសាទ បទល្មើព្រៃឈើក៏ដូចគ្នាដែរ សមត្ថ កិច្ចត្រូវតែដឹកនាំបង្ក្រាបឲ្យអស់មិនឲ្យសល់ឡើយ បើឃុំស្រុកណាធ្វើមិនបាន ត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ។

ឯកឧត្តមបន្តលើកទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវសំអាតអនាម័យបរិស្ថាន តុបតែងលម្អឱ្យបានសមរម្យ អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ ត្រូវបន្តកិច្ចខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាពខ្ពស់ មន្ទីរជំនាញត្រូវពន្លឿនការចុះបណ្ណ័ជាប្រព័ន្ធជូនប្រជាពលដ្ឋដើម្បីកាត់បន្ថយទំនាស់ដីធ្លី។

ក្នុងនោះដែរ ឯកឧត្តម ងួន រតនៈ បញ្ជាក់ថា ខេត្តកំពង់ធំនឹងរៀបចំពិធីប្រណាំងទូកដូច្នេះគណៈកម្មការរៀបចំពិធីប្រណាំងទូកខេត្តត្រូវជ្រើសរើសទូកដែលល្អៗ ត្រូវពង្រឹងការទ្វឹកហាត់ដល់កីឡាករ កីឡាការិនី ត្រូវធានាថាកីឡាករ កីឡាការិនីអុំទូកមានគ្រប់ចំនួនមិនអវត្តមាន គោរពបាននូវវិន័យបទបញ្ជាផ្ទៃក្នុង ក្នុងការប្រកួត មានសេចក្តីថ្លៃថ្នូរ ទូកត្រូវតុបតែងឱ្យមានសោភ័ណ្ឌភាព ហើយកីឡាករ កីឡាការិនីក៏ត្រូវមានឯកសណ្ឋានសមរម្យដើម្បីត្រៀមយកទៅប្រកួតនៅរាជធានីភ្នំពេញក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ៕

មតិឆ្លើយតប

Your email address will not be published.