ក្រសួងបរិស្ថានសហការជាមួយនឹងរដ្ឋបាលខេត្តកំពង់ឆ្នាំងបើកយុទ្ធនាការផ្សព្វផ្សាយ បរិស្ថានគ្មានថង់ប្លាស្ទិក ក្រោមប្រធានបទ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះក្រសួងបរិស្ថាន សហការជាមួយនិងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងការចុះអនុស្សរណៈ យោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
ពិធីនេះប្រារព្ធទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានវត្តមានរបស់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងស្ថាប័នរដ្ធអញ្ជើញអមដំណើរ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងកម្លាំងយុវជន និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តមអ៊ាង សុផល្លែត បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែកញ្ញា វិស័យឯកជនមួយចំនួន ជាពិសេសរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៥ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង ដែលមានកម្មករជាង ៧,៥០០នាក់ ក៏បានចាប់ផ្តើមស្ម័គ្រចិត្តចូលរួមជាមួយក្រសួង បរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការ មិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១ សប្តាហ៍។
ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានបញ្ជាក់ទៀតថា ការចូលរួមអនុវត្តយុទ្ធនាការនាថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រ និងការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋា ភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ -ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារ អាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន៥ រួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាននិងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុ ប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង។
ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌការងារទាំង៥នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន៣ ដែលត្រូវជំរុញ ក្នុងរយៈពេល ១០០ថ្ងៃដំបូងរួមមានទី១៖ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិកទី២៖ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះ និងដាំកូនឈើសំដៅបង្កើនគម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និងទី៣៖ ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និងអព្យាក្រឹត្យកាបូន។
សូមបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានរៀបចំដំបូងនៅតាមសាលារៀន ទូទាំងស្រុកចំនួន៤៤ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានលោកគ្រូ អ្នកគ្រូ សរុបចំនួន ៥៤៩នាក់ ស្រី ២៦៣នាក់ និងសិស្សានុសិស្សសរុប ១៨,៧៣៥នាក់ ស្រី ៩,៣៥៣នាក់។ មកដល់ថ្ងៃនេះ យុទ្ធនាការនេះ បាននិងកំពុងអនុវត្តជាបន្តបន្ទាប់នៅតាមសាលារៀនគ្រប់រាជធានី ខេត្ត និងរោងចក្រ។
ពិធីយុទ្ធនាការនូវការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាននេះដែរក៏បានប្រារព្ធធ្វើគ្រប់បណ្ដាលក្រុង ស្រុក ទូទាំងខេត្តកំពង់ឆ្នាំង ដែលតាមបណ្ដាលស្រុករបស់ខេត្តកំពង់ឆ្នាំង ក៏មានអវត្តមានរបស់ឯកឧត្តមដែលជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតី និងអភិ បាលស្រុក អភិបាលរង ក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការអង្គ ភាពជុំវិញស្រុក លោកគ្រូ អ្នកគ្រូសិស្សានុសិស្សទូទាំងស្រុកផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួល បន្ទុក និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត កំពងឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិសាត់ ដែលបានរួមសហការគ្នា ប្រកបដោយកាទទួលខុសត្រូវខ្ពស់ក្នុងកាផ្តើមអនុវត្ត យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស់ស្ទិក ដែលជាការឆ្លើយតបនិងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការ គោលនយោបាយស្តីពី ការកាត់បន្ថយ ការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី៕