តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ

53

ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញមកសំណេះសំណាល និងប្រគល់រថយន្តសង្គ្រោះ ០១គ្រឿង គោយន្តកន្ត្រៃ ០១គ្រឿង ម៉ូតូ ១៥គ្រឿង វិទ្យុទាក់ទងលើតុ ១២ឈុត វិទ្យុទាក់ទងចល័ត ៥០គ្រឿង សម្ភារពិធីការ ០១ឈុត អង្ករ ២តោន មី៥០កេះ ត្រីខ១០ រួមនឹងថវិកាចំនួន ៥លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។

នៅក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបញ្ជាក់ថា សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ គ្រឿងសំណង់ជាច្រើនដល់អង្គភាព ដើម្បីបម្រើការងារមនុស្សធម៌ ចែកជូនបងប្អូនអតីតយុទ្ធជន ប្រជាពលរដ្ឋក្រីក្រ និងជួបគ្រោះមហន្តរាយផ្សេងៗ កាលពីសម្ដេច នៅជាមេបញ្ជាការ កងទ័ពជើងគោក ហើយអង្គភាពក៏បាននាំយកអំណោយទាំងនោះទៅចែកជូនប្រជាពលរដ្ឋដល់គោលដៅជាបន្តបន្ទាប់ ។

មានមតិសំណេះសំណាល ក្នុងឱកាសនេះ ឯកឧត្តម គីន ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះ នាយ-ពលទាហាន ទាំងអស់ ។

ឯកឧត្តម បានថ្លែងថា ត្បិតសម្តេចធិបតីលោក មិនបាននៅជាមេបញ្ជាការកងទ័ពជើងគោកក៏ដោយ ក៏លោកនៅតែគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនទាំងអស់គ្នា ។

ជំនួសមុខឲ្យ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដែលតែងតែឧបត្ថម្ភ ឧបករណ៍ និងសម្ភារប្រើប្រាស់ ដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងសូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារទាំងអស់ឲ្យចំគោលដៅ ដើម្បីប្រយោជន៍ជាតិមាតុភូមិ ។ KGPN

មតិឆ្លើយតប

Your email address will not be published.