អាជ្ញាធរស្រុកកំពង់លែងដឹកនាំដោយលោកយ៉ែម លក្ខិណាអភិបាលស្រុក ចុះស្ដារប្រឡាយតាមដងផ្លូវ៥០សេ ដើម្បីបញ្ជៀសនូវជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ ក្នុងឃុំស្វាយរំពារ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣នេះ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានដឹកនាំក្រុមការងារ មានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិ និងអាជ្ញាធរមូលដ្ឋាន ចុះស្ដារប្រឡាយនៅតាមបណ្តោយផ្លូវជាតិលេខ៥០សេត្រង់ចំណុចភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ដើម្បីបញ្ចៀសទឹកជំនន់ទឹកភ្លៀង ដែលកំពុងជនលិចភូមិឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋ។
លោកអភិបាលស្រុក បានឲ្យដឹងថា ដោយសារតែប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាប់ៗគ្នា ទើបធ្វើឲ្យភូមិឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួនរងការលិចលង់ ហើយនៅថ្ងៃនេះផងដែរ លោកក៏បានដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋចុះស្ដារប្រឡាយតាមដងផ្លូវជាតិលេខ៥០សេខាងលើនេះ ដើម្បីបញ្ជៀសជំនន់ទឹកភ្លៀង ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ផ្លូវថ្នល់ លំនៅឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋ។
លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៥០ សេ ទាំងអស់ត្រូវប្រុងប្រយ័ត្ននូវជំនន់ទឹកភ្លៀង និងត្រូវចូលរួមថែរក្សាការពារ ពិសេសគឺត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងការចោល សំរាមពាសវាល ពាសកាល ដែលនាំឲ្យស្ទះលូ ឬប្រឡាយដែលនាំឲ្យទឹកមិនអាចហូរបាន កើតមានជាទឹកជំនន់។
លោកអភិបាល បានបញ្ជាក់ថា ចំពោះផ្លូវលេខ៥០សេផ្លូវបំបែក ចេញពីចំណុចឃុំច្រណូក ទៅកាន់ខេត្តកំពង់ធំ ឆ្នាំនេះនៅតែអាចធ្វើចរាចរណ៍បានជាធម្មតា ដោយសារតែផ្លូវនេះត្រូវបានចាក់ដីខ្ពស់ផុតពីទឹក ហេតុនេះសូមប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ទឹកដីស្រុកកំពង់លែង ទៅកាន់ខេត្តកំពង់ធំ កុំមានការបារម្ភអ្វីឡើយ៕ KGPN