ឯកឧត្តមមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់ដីសម្រាប់ធ្វើផ្លូវជូន ប្រជាពលរដ្ឋចំនួន៣៧គ្រួសារ ក្នុងក្រុងកំពង់ឆ្នាំង

58

កំពង់ឆ្នាំង÷ នៅព្រឹកទី០៩ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញសំណេះសំណាល និង ប្រគល់ដីប្រវែង ៤៦៥ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលជាអចលនទ្រព្យរបស់អង្គភាព ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង សម្រាប់ធ្វើផ្លូវបេតុង តាមសំណើររបស់ប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ តាមរយៈអាជ្ញាធរភូមិ សង្កាត់ និងក្រុងកំពង់ឆ្នាំង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ហ៊ីង ភ័ព្វមិនា អភិបាល នៃគណៈអភិបាលក្រុងកំពង់ឆ្នាំង ព្រមទាំងលោកចៅសង្កាត់ប្អេរ មេភូមិ និងអាជ្ញាធរពាក់ព័ន្ធផងដែរ ។

ជាកិច្ចចាប់ផ្តើមនៅក្នុងពិធី លោក ហ៊ីង ភ័ព្វមិនា អភិបាលនៃគណៈអភិបាលក្រុងកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹកងខេត្ត ដែលបានផ្តល់ដីសម្រាប់ធ្វើផ្លូវជូនប្រជាពលរដ្ឋនាពេលនេះ ។

លោកបានបន្តថា ផ្លូវមួយខ្សែនេះនៅពេលសាងសង់រួចនឹងជួយជាប្រយោជន៍ជាច្រើនដល់បងប្អូនដែលរស់ក្នុងតំបន់នេះ ដោយសារនៅពេលមានផ្លូវហើយបងប្អូនងាយស្រួលក្នុងការធ្វើដំណើរចេញទៅប្រកបរបរចិញ្ចឹមជីវិត ឬបើកអាជីវកម្មផ្សេងៗទៅតាមលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ ។

អញ្ជើញមានមតិសំណេះសំណាល និងផ្តាំផ្ញើនាឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកជួយកាត់បន្ថយការលំបាកបងប្អូនប្រជាពលរដ្ឋទាំង៣៧គ្រួសារ ។

ឯកឧត្តម មានប្រសាសន៍បញ្ជាក់ថា ដីដែលបានប្រគល់សម្រាប់ធ្វើផ្លូវជូនបងប្អូននេះ គឺជាដីអចលទ្រព្យដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តម មេបញ្ជាការ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោយពេលទទួលបានផ្លូវហើយសូមនាំគ្នាជួយរក្សាជាប្រយោជន៍រួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅមុនទៀត ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សុភា បាននាំយកនូវពាក្យផ្តាំផ្ញើ និង សួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ។

ឯកឧត្តម បានលើកឡើងថា សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង តាំងពីសម្តេចនៅជាមេបញ្ជាការកងទ័ពជើងគោក មកម្ល៉េះដោយសម្តេចតែងតែផ្តល់អង្ករ សម្ភារ គ្រឿង ឧបភោគ បរិភោគ ជាច្រើនតាមរយៈ ឯកឧត្តម ដើម្បីធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកជីវភាព គ្រប់ទីកន្លែងទូទាំងខេត្តកំពង់ឆ្នាំង តួយ៉ាង ក្នុងឱកាសនេះ ឯកឧត្តម ក៏បាននាំយកអង្ករចំនួន ៣៧ការ៉ុង គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងថវិការបស់សង្កាត់ប្អេរចំនួន ១,១១០,០០០រៀល ឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋទាំង៣៧គ្រួសារផងដែរ ។ KGPN

មតិឆ្លើយតប

Your email address will not be published.