រដ្ឋបាលស្រុកកំពង់លែង ប្រារព្ធពិធី អបអរសាទរទិវាទេសច រណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ ទេសចរណ៍និងការវិនិយោគបៃតង Tourim and Green invest met និងទិវាពិភពលោកស្អាតលើកទី៦ The 6th worl Cleanup Day ឆ្នាំ២០២៣
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី ១១ ខែ ១០ ឆ្នាំ ២០២៣នេះ រដ្ឋបាលស្រុកកំពង់លែង ដឹកនាំដោយលោក យ៉ែម លក្ខិណា ជាអភិបាលស្រុក បានធ្វើពិធីប្រារព្ធ អបអរសាទរទិវាទេសច រណ៍ពិភពលោកឆ្នាំ ២០២៣ ក្រោមប្រធានបទ ទេសចរណ៍និងការវិនិយោគបៃតង (Tourim and Green invest met) និងទិវាពិភពលោកស្អាតលើកទី៦ (The 6th worl Cleanup Day) ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរង មន្ត្រីរាជការរាជការមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។
នៅក្នុងពិធីនោះដែរ លោកអភិបាលស្រុក ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ទូទាំងស្រុកកំពង់លែង ដែលបានចូលរួមក្នុងការសម្អាតនូវបរិស្ថាននេះ នៅតាមមូលដ្ឋានរបស់ខ្លួន ហើយថ្ងៃនេះដែរក្រសួងថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលបានចូលរួមដើម្បីយុទ្ធនាការកម្មវិធីថ្ងៃនេះដែលជាទិវាពិភពលោកស្អាតលើកទី៦ ទន្ទឹមនេះលោកក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរមកកាន់បុណ្យភ្ជុំបិណ្ឌនាពេលខាងមុខប្រកបដោយសុវត្ថិភាពគ្រប់ៗគ្រួសារដើម្បីជួបជុំគ្នាក្នុងពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ។
ជាទីបញ្ចប់ក្នុងការប្រារព្ធពិធីនេះដែល លោកអភិបាលស្រុកក៏បានអំពាវនាវមន្ត្រីរាជការអង្គភាពពាក់ព័ន្ធ ព្រមទាំងលោកគ្រូ អ្នកគ្រូ គ្រប់គ្នាទាំងអស់ដែលនៅទីនេះ នាំគ្នាធ្វើការផ្សព្វផ្សាយជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅលើទឹកដីស្រុកកំពង់លែង ទាំង៩ឃុំ សូមចូលរួមដើម្បីថែរក្សាអនាម័យ សំអាត ការពារ នូវបរិស្ថានរបស់យើង ឱ្យបានគ្រប់ៗគ្នា លោកក៏បានបន្ថែមទៀតថាពេលដែលលំនៅដ្ឋានជុំវិញខ្លួនរបស់យើងពោរពេញទៅដោយភាពស្អាត និងមានអនាម័យ នោះជំងឺដង្កាត់ទាំងឡាយក៏មិនហ៊ានមកបៀតបៀនមកលើក្រុមគ្រួសារពួកយើងដែរ ហើយនាំឲ្យស្រុករបស់យើងមានសុភ័ណភាពល្អ គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិដែលមកកំសាន្តលេងនៅក្នុងស្រុករបស់យើង ហើយវាក៏ជាមោទនភាពរបស់ពួកយើងទាំងអស់គ្នា ដែលជាម្ចាស់ស្រុក គឺផ្ដើមចេញពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប យើងទាំងអស់គ្នា រួមគ្នាដើម្បីការពារបរិស្ថានស្អាតសម្រាប់ខ្លួនយើង។