អំណោយ និងថវិកាសប្បុរសជនតាមរយៈសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ បាននាំយកទៅប្រគល់ជូន លោក នេត សោភ័ណ្ឌ អ្នកសារព័ត៌មាន ដែលជួបគ្រោះថ្នាក់ ផ្ទុះហ្គាស បណ្ដាលឱ្យរបួសធ្ងន់ធ្ងរ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ..

32

ភ្នំពេញ÷ នារសៀលថ្ងៃព្រហស្បតិ៍ទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោក​ ទុំ​ រតនា​ អនុប្រធាន​សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ និង​ជា​ប្រធានគ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី តំណាងឲ្យលោក បណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានដឹកនាំក្រុម ការងារ នាំយកអំណោយ និងថវិកាដែលសប្បុរសជនចូលរួមតាមរយៈសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ និងគ្រុបព័ត៌មានសាមគ្គីថ្មី ទៅប្រគល់ជូនលោក នេត សោភ័ណ្ឌ អ្នកសារព័ត៌មាន ដែលជួបគ្រោះថ្នាក់ ផ្ទុះហ្គាស បណ្តាលឱ្យរបួសធ្ងន់ធ្ងរ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។

លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគម អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងលោក បណ្ឌិត ជា ដែន ប្រធានកិត្តិយសសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា និងជាប្រធានស្ដីទីសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា បានផ្ដាំផ្ញើតាមរយៈក្រុមការងារឲ្យសួរសុខទុក្ខ អ្នករងគ្រោះ លោក នេត សោភ័ណ្ឌ ដែលបម្រើការនៅអង្គភាពសារព័ត៌មាន “រស្មីម្ជុលពេជ្រ រិទ្ធិជ័យ” ដោយជួបគ្រោះថ្នាក់ឧបទ្ទវហេតុ ដោយផ្ទុះហ្គាស បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅគេហដ្ឋានរបស់លោក។

បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ និងកំពុងជួបការខ្វះខាត សូមឱ្យលោកតាំងស្មារតី និងខំប្រឹងមើលថែខ្លួនឲ្យអស់ពីលទ្ធភាពដើម្បីក្រុមគ្រួសារ។ ក្នុងនោះផងដែរ លោកបណ្ឌិត ជា ដែន បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន ៤០ម៉ឺនរៀល។

អំណោយ និងថវិកាដែលសប្បុរសជនចូលរួមតាមរយៈសមាគម អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ និងគ្រុបព័ត៌មានសាមគ្គីថ្មី មានចំនួន ៤៦០.០០០ រៀល និងប្រាក់ដុល្លារមានចំនួន ១៦៥$ បានប្រគល់ជូនលោកស្រី អឿន សុខអេង ត្រូវជាភរិយារបស់លោក នេត សោភ័ណ្ឌ។

លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ ជាពិសេស លោកបណ្ឌិត ហោ គន្ធា និងលោកបណ្ឌិត ជា ដែន ព្រមទាំង អនុប្រធាន សមាជិកសមាជិកា សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ក៏ដូចជាប្រធាន អនុប្រធាន សមាជិកសមាជិកា ក្នុង(គ្រុបព័ត៌មានសាមគ្គីថ្មី) សូមឱ្យជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕

KGPN

មតិឆ្លើយតប

Your email address will not be published.