ហ្វូងសត្វផ្សោតសមុទ្រពណ៌ផ្កាឈូកក្នុងខេត្តកំពត មានការកើនឡើងប្រមាណ១៥ ទៅ ២០ក្បាល បន្ថែមទៀត
កំពត៖ យោងតាមការឱ្យដឹងពី លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០ ២៣ ថា ក្រោមកិច្ចសហការរវាងក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានធ្វើការតាមដានយ៉ាងដិតដល់ចំពោះសត្វផ្សោតសមុទ្រ ដោយតាមដាននឹងពិនិត្យតាមហ្វូងផ្សោតរយៈពេលបីខែ ចាប់ពីខែតុលា វិច្ឆិកា និងក្នុងខែធ្នូបានសង្កេតឃើញថា ចំនួនសត្វផ្សោតសមុទ្រដែលរស់នៅក្នុងដែនសមុទ្រក្នុងខេត្តកំពតមានការកើនឡើងគួឱ្យកត់សម្គាល់។
ជាក់ស្តែងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានប្រទះឃើញហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ ២០ក្បាល ដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ ២០ឆ្នាំហើយ ខណៈរកឃើញតែមួយក្បាលកាលពីអំឡុងខែកញ្ញា-តុលា ឆ្នាំ២០២៣។
លោកនាយខណ្ឌបានបន្ថែមថា ហ្វូងសត្វផ្សោតសមុទ្រដែលមានវត្តមានក្នុងខេត្តកំពតនះ មិនត្រឹមតែហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) នោះទេ គឺមានហ្វូងផ្សោតប្រភេទផ្សេងៗទៀត ដែលមានប្រមាណពី ២០ ទៅ ៣០ក្បាល។
ហ្វូងផ្សោតសមុទ្រទាំងនោះរស់នៅជាអចិន្ត្រៃយ៍នៅក្នុងតំបន់សហគមន៍នេសាទត្រពាំងរពៅ សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទចង្ហោន។
ក្រោយរកឃើញការកើនឡើងនៃចំនួនសត្វផ្សោតសមុទ្រនេះ លោកនាយខណ្ឌក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ពិសេសប្រជានេសាទចូលរួមថែរក្សាការពារសត្វផ្សោតសមុទ្រដ៏កម្រ និងជិតផុតពូជនេះទាំងអស់គ្នា។
យោងតាមអនុក្រឹត្តលេខ១២៣ បានកំណត់សត្វងាយរង គ្រោះ កំពុងរងគ្រោះ និងប្រភេទសត្វកម្រ ជិតផុតពូជ មានដូចជា ជ្រូកទឹក អណ្តើកសមុទ្រ សេះសមុទ្រ ឆ្លាមប្រភេទខ្លះ និងសត្វជាច្រើនទៀត សរុបចំនួន ២៥ប្រភេទ ដែលត្រូវអភិរក្ស ចំពោះសត្វផ្សោតសមុទ្រ ក៏ស្ថិតនៅក្នុងចំណោមសត្វទាំង ២៥ប្រភេទនោះផងដែរ៕ KGPN