ដីគម្របព្រៃឈើរបស់រដ្ឋ រាប់ពាន់ហិកតាក្នុងខេត្ដក្រចេះត្រូវបាន ឈ្មោះ ភួង រ៉ា និងក្រុមបក្ខពួកជាច្រើននាក់ទៀត រុករានទន្ទ្រាន យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន

29

ខេត្តក្រចេះ៖ ពិតជាមិនញញើតនឹងច្បាប់អ្វីបន្ដិសោះឡើយ ដីគម្របព្រៃឈើរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ រាប់ពាន់ហិកតា ត្រូវបានក្រុមខិលខូចលួចឃុបឃិតរុករានទន្ទ្រាន យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន សាងសង់ផ្ទះយ៉ាងអាណាធិបតេយ្យ សង្ស័យអាជ្ញាធរមួយចំនួនជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ ទើបការរុករានទន្ទា្រនដីគម្របព្រៃរបស់រដ្ឋធ្វើបានយ៉ាងរលូនបែបនេះ។

បើតាមការបង្ហើបរបស់ប្រជាពលរដ្ឋប្រាប់ថា ការរុករានទន្ទ្រានដីគម្របព្រៃឈើរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យនេះ មានមេឃ្លោងមួយក្រុមបានទៅបំផុសបំផុលឱ្យប្រជាពលរដ្ឋជាច្រើនចូលទៅរុករានទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ មិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ទីតាំងដីគម្របព្រៃដែលក្រុមខិលខូចចូលរុនរានទន្ទ្រាននោះ ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំខ្សឹម នឹងភូមិអូរគគីរ ភូមិវាលម្រះ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ បាននិយាយឱ្យដឹងថា ក្រុមមេឃ្លោងដែលបំផុសបំផុលចូលរុនរានដីព្រៃរបស់រដ្ឋទាំងនោះមានឈ្មោះដូចតទៅ÷ ទី១.ឈ្មោះ ភួង រ៉ា -ទី២.ឈ្មោះ អ៊ូ ថេង (ជាមន្ត្រីបរិស្ថាន) -ទី៣.ឈ្មោះលោក សេន (ជាជនជាតិខ្មែរអ៊ីស្លាម) -ទី៤.ឈ្មោះ ទួន មីន (ជាជនជាតិខ្មែរអ៊ីស្លាម) -និងទី៥.ឈ្មោះ លោក សល់ ឈ្មោះអ្នកទាំងប្រាំនេះ ដែលប្រជាពលរដ្ឋឱ្យដឹងថា ជាមេឃ្លោងក្នុងការរុនរាន និងរំលោភយកដីគម្របព្រៃឈើរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ (ក្នុងដែនជម្រកសត្វព្រៃកែសីមា) មកធ្វើជាសម្បត្ដិផ្ទាល់ខ្លួន និងបំផុសបំផុលឱ្យប្រជាពលរដ្ឋមានពីទីឆ្ងាយចូលរុករាន និងចាប់ដីគម្របព្រៃរបស់រដ្ឋ ដើម្បីទុកលក់បន្ដក្រោយពីបានដាំដុះដំណាំ ហើយបន្ដទៅរុករានទីតាំងដីថ្មីបន្ដទៀត

ប្រភពព័ត៌មានបានបន្ថែមទៀតថា ការរុករានទន្ទ្រានយកដីគម្របព្រៃឈើខាងលើនោះ បើមិនមានការបើកភ្លើងខៀវ ពីលោក សាម ណាល់ អភិបាលស្រុកស្នួល និងលោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ នោះទេ ក៏មេខ្លោងទាំង៥នាក់នោះ មិនអាចបំផុសបំផុលដឹកនាំមនុស្សម្នារ ឱ្យចូលទៅរុករានទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើរបស់រដ្ឋបានយ៉ាងងាយនោះដែរ ពោលគឺ មេឃ្លោងទាំង៥នាក់នោះ ពិតជាមានអ្នកធំនៅពីក្រោយខ្នងដើម្បីបើកដៃឱ្យធ្វើសកម្មភាពបំផុសបំផុលចូលរុករានដីគម្របព្រៃ។

មជ្ឈដ្ឋានមហាជនកំពុងរង់ចាំមើលថា៖ តើទង្វើររបស់ក្រុមជនខិលខូចរួមជាមួយលោកអភិបាលស្រុក លោកប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដែលហ៊ានប្រព្រឹត្តអំពើមិនគម្បី រុករានទន្ទ្រានយកដីគម្របព្រៃឈើរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យផ្ទុយពីច្បាប់បែបនេះ តើលោកអភិបាលខេត្តក្រចេះនឹងមានចំណាត់ការបែបណា ចំពោះជនខិលខូចទាំងនោះ?

នេះបើយោងតាមអនុក្រឹត្យលេខ ១៨២.អ.ន.ក្រ.ប.ក.ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ សម្រេច

មាត្រា១ -ត្រូវបានកែប្រែដែនជម្រកសត្វព្រៃកែវសីមា ពីផ្ទៃដីទំហំ២៩២ ៦៩០(ពីរសែនប្រាំបួនម៉ឺនពីរពាន់ប្រាំមួយ រយកៅសិប)ហិកតា មកផ្ទៃដីទំហំ ៣១៧ ៤៥៦(បីសែនមួយម៉ឺនប្រាំពីរពាន់បួនរយហាសិបប្រាំមួយ)ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនិងខេត្តក្រចេះ ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធ កូអរដោណេ Project UTM Zone 48N Datum WGS.1984)ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

ផ្ទៃដីដែនជម្រកសត្វព្រៃកែវសីមាខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ២៩២ ៦៩០(ពីរសន ប្រាំបួនម៉ឺនពីរពាន់ប្រាំមួយរយកៅសិប)ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៨៣ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃកែវសីមា និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឦសាន្ត ដែលមានផ្ទៃដីទំហំ២៤ ៧៦៦(ពីរម៉ឺនបួនពាន់ប្រាំពីរយហុកសិបប្រាំមួយ)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យ លេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ ការពារធម្មជាតិ។

មាត្រា២ – អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖
– ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និងសារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ដោយមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

មាត្រា៣. ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ដោយសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ ដើម្បីធានាដល់ការគ្រប់គ្រង បរិស្ថាន ការគ្រប់គ្រងជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការស់នៅដោយចីរភាពស្រប តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា៤. លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្ដីពីការបង្កើត ដែនជម្រកសត្វព្រៃកែវសីមា អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ឋ​ តំបន់ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្ត ថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៥. អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណះ អភិបាល ខេត្តមណ្ឌលគិរី និង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕

Kgpn

មតិឆ្លើយតប

Your email address will not be published.