អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចម្រុះ ទំនាក់ ទំនងនិងអាជ្ញាធរខេត្តកំពង់ធំ ស្នើសុំជួយបង្ហូរទឹកទម្លាក់ស្រោចស្រពសង្រ្គោះស្រូវប្រជាកសិករ កំពុងតែជួបប្រទះបញ្ហាខ្វះទឹក ក្នុងស្រុកកំពង់លែង
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អមដំ ណើរដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងលោកយ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានដឹកនាំក្រុម ការងារចម្រុះ ចុះពិនិត្យស្ថានភាពទឹកនៅតំបន់់ទំនប់ ៧មករា នៅឃុំព្នៅ ស្រុកសន្ទុក និងទំនប់កងមាស ស្ទឹងជីនិត ភូមិស្នោរ នៅឃុំកំពង់ថ្ម ក្នុងខេត្តកំពង់ធំ ដោយបានជួបពិភាក្សាជា មួយក្រុមការងារចម្រុះរបស់ខេត្តកំពង់ធំ ដឹកនាំដោយលោក ព្រីម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ដើម្បីរកដំណោះស្រាយ និងស្នើជួយបង្ហូរទឹកទម្លាក់តាមស្ទឹងជីនិត ឆ្ពោះទៅទំនប់កោះបូ ក្មុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីជួយស្រោចស្រពសង្រ្គោះស្រូវប្រជាកសិករ ដែលកំពុងតែជួបប្រទះបញ្ហាខ្វះទឹក នៅរដូវប្រាំងនេះ។
ដោយដំណើរបេសកកម្មនេះ បញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងមន្ទីរជំនាញពាក់ព័ន្ធ ចំពោះប្រជាពលរដ្ឋក្នុងការស្វះស្វែងទំនាក់ ទំនង ដើម្បីរកប្រភពទឹកបន្ទាន់ជួយសង្គ្រោះ ស្រូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងតែខ្វះខាតទឹកសម្រាប់ស្រោចស្របនៅពេលបច្ចុប្បន្ននេះ។
ក្នុងនោះឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរ គុណ ទៅដល់អាជ្ញាធរខេត្តកំពង់ធំ ដែលបានសហការដើម្បីប្រជាពលរដ្ឋនិងបានបើកបង្ហូរទឹកទម្លាក់តាមស្ទឹងជីនិត ដើម្បីនាំទឹកទៅសង្គ្រោះស្រូវប្រាំងប្រជាកសិករក្នុង ឃុំសំរោងសែន និងឃុំច្រណូក ក្មុងស្រុកកំពង់លែង នាពេលនេះ។
សូមបញ្ជាក់ថា ទំនប់ស្ទាក់ទឹកកងមាស ស្ថិតក្នុងឃុំព្នៅនិងឃុំត្នោតជុំ រវាងស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ kgpn