ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង
ខេ ត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
នៅក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង សម្រេចបានក្នុងឆ្នាំ២០២៣ មានដូចជា ការបំពាក់គ្រឿងឥស្សរិយយសការពារជាតិ និងឧបត្ថម្ភថវិកាជូនអតីតយុទ្ធជន ចំនួន ២,៧៥៨នាក់ ការបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពចំនួន៨៦សព និងការបើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន បានចំនួន៤១គ្រួសារ ។ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតបានចំនួន៣៨លើក ស្មើចំនួន៣៥១គ្រួសារ ។
ឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់គ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈងាយស្រួល និងការដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្ត បានទាន់ពេលវេលា និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមជួយដោះស្រាយនូវរាល់ការលំបាកដល់គណៈកម្មាធិការសមាគមកម្ពុជាខេត្តកំពង់ឆ្នាំង នាពេលកន្លងមកបានយ៉ាងល្អប្រសើរ ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម បានប្រគល់ទិសដៅភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងបណ្ដា មន្ទីរ ស្ថាប័ន អង្គភាពទាំងអស់ ត្រូវខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ ។
ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងនោះមាន អង្ករ ១៥០០គីឡូក្រាម មី៦០កេះ ត្រីខ៦០យួរ ទឹកត្រី៦០យួរ ទឹកស៊ីអ៉ីវ៦០យួរ រួមនឹងថវិកាចំនួន ៣,០០០,០០០រៀល ជូន ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម ដើម្បីចែកជូនគ្រួសារអតីតយុទ្ធជនក្រីក្រជួបការលំបាកចំនួន៦០គ្រួសារ មកពីគ្រប់បណ្តាក្រុងស្រុកទាំង៨ និងបានឧបត្ថម្ភដល់លោក លោកស្រី មេឃុំ ចៅសង្កាត់ និង លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំង៧១ឃុំសង្កាត់ សរុបចំនួន១៤២នាក់ ក្នុង១នាក់ទទួលបានថវិកា ២០,០០០រៀល ស្មើថវិកា ២,៨៤០,០០០រៀល ផងដែរ ។ kgpn