ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកទឹកផុស

23

កំពង់ឆ្នាំង÷ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអង្ករ ចំនួន ៣៧៥ គីឡូក្រាម ស័ង្កសីចំនួន១៦០សន្លឹក ទឹកត្រី១៥យួរ ទឹកស៊ីអ៉ីវ១៥យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៥គ្រួសារ នៅក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍សំណេះសំណាល នាពេលនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយរបស់ សម្តេចធិបតី និងលោកជំទាវ ចំពោះគ្រួសាររងគ្រោះទាំង១៥គ្រួសារ ។

ឯកឧត្តម មេបញ្ជាការ បានបន្តថាសម្តេចធិបតី និង លោក ជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ។

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានណែនាំដល់គ្រួសាររងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសាររដូវវស្សាបានចូលមកដល់ហើយ ដូច្នេះគ្រោះមហន្តរាយធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ អាចកើតមានគ្រប់ពេល ។

មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានណែនាំដល់អាជ្ញាធរភូមិឃុំឲ្យជួយបែងចែកសម្ភារអំណោយជូនគ្រួសាររងគ្រោះឲ្យបានឆាប់រហ័ស ដើម្បីពួកគាត់រៀបចំជួសជុលផ្ទះសម្បែងឡើងវិញបានទាន់ពេលវេលា ។ kgpn

មតិឆ្លើយតប

Your email address will not be published.