ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បញ្ជាអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យទីតាំងដី ៣ កន្លែង ក្នុងស្រុកកំពង់លែង ករណីឈូសឆាយនៅក្នុងតំបន់៣……….

29

កំពង់ឆ្នាំង៖ ក្រោយទទួលបានព័ត៌មានថាមានជនខិលខូច លួចភ្ជួររាស់ និងឈូសឆាយ នៅក្នុងតំបន់៣ និងការកាប់ទន្ទ្រានដីព្រៃហាមឃាត់ ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង និងជាគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងជាក់ស្តែងចំនួន ៣ទីតាំង ក្នុងស្រុកកំពង់លែង។

ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ចុះអនុវត្តដោយលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំង លោកយ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងសមត្ថកិច្ចចម្រុះជំនាញពាក់ព័ន្ធ ។

ជាលទ្ធផលពិនិត្យឃើញថា៖ -ទីតាំងទី១៖ ចំណុចអង្គរទ្វីប ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ពិតជាមានការភ្ជួរដីស្រែតំបន់៣ ទំហំ ៣,៨០ ហិកតា ដែលបានអាស្រ័យផលកន្លងមក ។
-ទីតាំងទី២៖ដីតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំកង្រីទូកមាស ដែលគ្រប់គ្រងដោយក្រសួងបរិស្ថានត្រូវបានបុគ្គលមួយ ចំនួនទន្រ្ទានយកធ្វើជាកម្មសិទ្ធិនៅចំណុច ៥៥ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ក្រុមការងារពិនិត្យឃើញជាក់ស្តែងមានស្នាមកាប់ដើមឈើមានទំហំប្រមាណ ១.៥ហិកតា ហើយចំណុចកាប់រាននេះ ជាទីតាំងជាប់ក្បាលស្រែ ដែល អាស្រ័យផលកន្លងមក និងមានធ្វើរបងបង្គោលស៊ីម៉ងត៍ រាយបន្ទាលួសព័ទ្ធជុំវិញ ទំហំប្រហែល ១៣ ហិកតា ។
-ទីតាំងទី៣៖-ដីតំបន់៣នៅចំណុចកំពង់តានី ស្ថិតក្នុងភូមិសាស្ត្រភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង លោក អេងស្រសវណ្ណៈដឹកនាំ ក្រុមការងារ ចុះពិនិត្យជាក់ស្តែង ពុំបានរកឃើញមានការភ្ជួរ ឬឈូសឆាយទន្ទ្រានដីថ្មីនោះទេ ដោយឃើញតែផ្ទៃដីដែលបានឈូសឆាយ ចាស់ ដែលសមត្ថកិច្ចរដ្ឋបាលជលផលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយ(សំណុំរឿងលេខ០៤៩ ចុះ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣) ។

បន្ទាប់មកអង្គប្រជុំបានឯកភាពគ្នា ប្រគល់ភារកិច្ចជូនមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

មតិឆ្លើយតប

Your email address will not be published.