រដ្ឋបាលស្រុកកំពង់លែងបានធ្វើការផ្សព្វផ្សាយ និងគាំទ្រទាំង ស្រុង ខ្លឹមសារ ស្ដីពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ជូនទៅដល់ប្រជាពលរដ្ឋ ទាំង៩ ឃុំ ទូទាំងស្រុកកំពង់លែង
កំពង់ឆ្នាំង÷ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកយ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់ លែង លោក លោកស្រី ជាអភិបាលរងស្រុក លោក លោកស្រី ជាច្រើនរូបរបស់រដ្ឋបាលខេត្ត និងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានធ្វើការផ្សព្វផ្សាយ ស្ដីអំពីការគាំទ្រទាំងស្រុង ខ្លឹមសារ ស្ដីពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ដើម្បីឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ មានការយល់ដឹង អំពីអត្ថប្រយោជន៍ នឹងបានអប់រំផ្សព្វផ្សាយបន្ថែម កុំឲ្យចាញ់បោកនូវការញុះញង់របស់ក្រុមឧទ្ទាមជ្រុលនិយមនិងក្រុមបក្សប្រឆាំងដែលនាំឲ្យមានការហ្វឹកហ្វរក្នុងស្រុក។
ខណៈពេលនោះ ក្នុងពិធីផ្សព្វផ្សាយទាំងមូល ឯកឧត្តមអភិបាលរងខេត្ត និងលោកអភិបាលស្រុក ព្រមទាំងលោកលោកស្រី ដែលជាអភិបាលរងស្រុក ដែលបានចុះតាមគោលដៅឃុំនីមួយៗ ក៏បានឡើងអាននៅអត្ថប្រយោជន៍ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដូចខាងក្រោមនេះ ។
ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “សហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម” (CLV-DTA) ត្រូវបានបង្កើតឡើង ហើយកិច្ចប្រជុំកំពូលលើកដំបូង ត្រូវបានរៀបចំ កាលពីឆ្នាំ១៩៩៩ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើ សេចក្តីប្រកាសទីក្រុងវៀងចន្ទន៍ ស្តីពីការបង្កើតសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្ត ជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែន មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
ហើយគិតមកដល់ឆ្នាំ២០២៤ កិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន ១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយនៅឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។
គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ការលើកកម្ពស់ ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពក្នុង ទឹកដី និងការដោះស្រាយបញ្ហាតាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។
មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។
ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធ ភាព ក្នុងការឆ្លើយតបនឹងការគំរាមកំហែង ផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជា ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា- ឡាវ-វៀតណាម ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ប្រឆាំងក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន។