មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់កងកម្លាំងអន្តរាគមន៍
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពាក់ព័ន្ធ ពួកក្រុមជ្រុលនិយមប្រតិកិរិយា មានផែនការកម្លាំងធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។
ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍ថា ក្រុមជ្រុល និយមខុសច្បាប់ បានគ្រោងធ្វើបាតុកម្មដោយហិង្សា ដោយពួកគេគ្រោងនឹងដុតបំផ្លាញផ្ទះសម្បែង ឆក់ប្លន់ ទ្រព្យសម្បត្តិ របស់មន្ត្រីរាជការ និងប្រជាពលរដ្ឋស្លូតត្រង់ នៅទីក្រុងភ្នំពេញ បង្ករចលាចលក្នុងសង្គម ធ្វើឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើង សង្គ្រាម វិនាសកម្មដូចក្នុងសម័យអតីតកាល ។
ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់បន្ថែមថា ដោយមានការ ដឹកនាំដ៏ត្រឹមត្រូវពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានវិធានការយ៉ាងមុឺងម៉ាត់ ក្នុងការទប់ស្កាត់ មិនឱ្យសភាពការណ៍នេះកើតឡើងនៅកម្ពុជាបានជាដាច់ខាត ។
ជាក់ស្ដែងក្រុមជ្រុលនិយមមួយចំនួនត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយមេខ្លោងមួយចំនួនទៀតត្រូវបានចេញសារភាពទទួលស្គាល់ទោសកំហុសរបស់ខ្លួន ដោយឡែកចំពោះក្រុមជ្រុលនិយមមួយចំនួនទៀតរួមទាំងវត្ថុតាងបង្កហិង្សា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធីច្បាប់ផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានណែនាំដល់ កង កម្លាំងទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ត្រូវបន្តត្រៀមបម្រុងកម្លាំង គ្រឿងបំពាក់ សម្ភារៈ មធ្យោបាយ និងបណ្ដាកិច្ចការធានាគ្រប់គ្រាន់ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ដែលបានប្រគល់ជូនដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព និងការពាររក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា ។