ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង និងស្ថានភាពជីវភាព រស់នៅនិងការបង្កបង្កើនផលរបស់បងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ភូមិអូរកាខុប ឃុំក្រាំង ល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នៅក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានគូស បញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង សម្រេចបានរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៤ មានដូចជា ការឧបត្ថម្ភថវិកាជូនអតីតយុទ្ធជន ការបើកប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន៦៦សព ស្មើថវិកា ២៦៤លានរៀល ការបើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន ០២លើក ស្មើ៤៤គ្រួសារ ស្មើថវិកា ៣៦៧លានរៀល និង ការនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកនៅទូទាំងខេត្តកំពង់ឆ្នាំង។
ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់គ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈងាយ ស្រួល និងការដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធ ជន នៅទូទាំងខេត្ត បានទាន់ពេលវេលា និងបានថ្លែងអំណរ គុណចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមជួយដោះស្រាយនូវរាល់ការលំបាកដល់គណៈកម្មាធិការសមាគមកម្ពុជាខេត្តកំពង់ឆ្នាំង នាពេលកន្លងមកបានយ៉ាងល្អប្រសើរ។
ឯកឧត្ដម ទេសរដ្ឋមន្ដ្រី បានប្រគល់ទិសដៅភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងបណ្ដា មន្ទីរ ស្ថាប័ន អង្គភាពទាំងអស់ ត្រូវខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់ នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ។