បទល្មើសនេសាទរបាំងណរ៉ាវ ពាសពេញដែនទឹកស្រុកក្រគរ មហាជនស្នើអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាប
ខេត្តពោធិសាត់៖ ប្រភពពីប្រជានេសាទស្រឡាញ់ធនធានធម្មជាតិឲ្យដឹងថា សកម្មភាពប្រព្រឹត្តឩបករណ៍ល្មើសនេសាទរបាំងណរ៉ាវ ក្រឡាញឹក ដែលមានប្រវែងរាប់រយម៉ែត្រ នៅតែបន្តកើតមានមិនថមថយទោះបីមានការបង្ក្រាបពីសមត្ថកិច្ចជំនាញយ៉ាងសកម្ម។ ជាក់ស្តែងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសទាំងនោះត្រូវបានក្រុមអ្នកសារព័ត៌មានមួយក្រុមប្រទះឃើញនៅចំណុច កំពង់ថ្គោល ចំណុចផ្លូវស្ទឹង ចំណុចជ្រោយស្ដី ស្ថិតក្នុងភូមិសាស្រ្តស្រុកក្រគរ ខេត្តពោធិ៍សាត់។
គួររំលេចផងដែរថានាពេលកន្លងមក គេសង្កេតឃើញថាសមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការបង្ក្រាបជាញឹកញាប់ផងដែរ ប៉ុន្តែបទល្មើសប្រើប្រាស់នូវឩបករណ៍របាំងរណរ៉ាវ ក្រឡាញឹក និងប្រវែង វែងៗ នៅតែកើតមាន ក្នុងចំណុចភូមិសាស្រ្តខាងលើដដែលជាដដែល ហាក់ពុំអន់ថយនោះឡើយ បានន័យថាបន្ទាប់ពីសមត្ថកិច្ចបង្ក្រាបរួច ជនប្រព្រឹត្តលួចដាក់តាមក្រោយ។
ទាក់ទាន់ករណីខាងលើលោក ភិន សុវណ្ណានាយផ្នែកកំពង់ហ្លួង បញ្ជាក់ថាបន្តិចទៀតលោកហ្នឹងរៀបចំកម្លាំងចុះបង្ក្រាបម្តងទៀត ព្រោះចំណុចភូមិសាស្រ្តខាងលើ ទើបតែចុះបង្ក្រាបនៅថ្ងៃទី២៨ ខែវិច្ឆិកា ស្ងាត់ម្តងហើយ។ ដោយឡែកលោកភុំ និមលនាយខណ្ឌខេត្តពោធិ៍សាត់និងប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ខេត្តពោធិសាត់ បញ្ជាក់ថា សូមអរគុណលោកហ្នឹងបញ្ជាកម្លាំងចុះបង្ក្រាបនាព្រឹកនេះ។
ទោះជាយ៉ាងនេះក្តីមហាជនទូទៅជឿជាក់លើឯកឩត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់ និងជាគណៈបញ្ជាការឯកភាពខេត្ត ដែលតែងតែយកចិត្តទុកដាក់ពាក់ក្នុងការចូលរួមអភិរក្សលើវិស័យធនធានធម្មជាតិ និងតែងតែដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់កម្លាំងជំនាញក្នុងការបង្ក្រាបទប់ស្កាត់រាល់បទល្មើស ធនធានធម្មជាតិផ្សេងៗលើដែនទឹក បឹងទន្លេសាប៕