មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ក្នុងស្រុកទឹកផុស
កំពង់ឆ្នាំង:នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី៤០សន្លឹក ស៊ីម៉ង់ត៍ ៤ការ៉ុង សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋឈ្មោះ សេម រ៉េន ភេទស្រី ដែលត្រូវអគ្គិភ័យឆេះផ្ទះទំហំ៤ x ៦ម៉ែត្រ អស់ទាំងស្រុងនៅវេលាម៉ោងប្រមាណ ០៤:១០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍សំណេះសំណាល នាពេលនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និង ចូលរួមសោកស្តាយ របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ចំពោះគ្រួសាររងគ្រោះ ។ ឯកឧត្តម មេបញ្ជាការ បានបន្តថា សម្តេចធិបតី និង លោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ទីកន្លែងទាំងអស់ ឲ្យជួបការលំបាក សម្តេចតែងតែជួយឧបត្ថម្ភជាប់ជានិច្ច ។
មុននឹងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានណែនាំដល់អាជ្ញាធរភូមិ លោកមេឃុំឲ្យជួយរកឈើ ដើម្បីធ្វើគ្រោងសាងសង់ផ្ទះជូនបងប្អូនរងគ្រោះឡើងវិញ ឲ្យបានសមរម្យ បើមានការខ្វះខាតស័ង្កសី ឯកឧត្តម នឹងឧបត្ថម្ភបន្ថែមទៀត រហូតដល់ការសាងសង់ផ្ទះបានរួចរាល់ ។