UN សម្រេចឲ្យកម្ពុជា ជាប់ឆ្នោតជាសមាជិក នៃគណៈកម្មា ធិការចាត់តាំង នៃគណៈកម្មការកសាងសន្តិភាព សម្រាប់ឆ្នាំ២០២៥-២០២៦
នៅក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាត អ.ស.ប ដែលបានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤កន្លងមក UNបាន សម្រេចឲ្យប្រទេសកម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មា ធិការចាត់តាំង នៃគណៈកម្មការ កសាងសន្តិភាពសម្រាប់ ឆ្នាំ ២០២៥-២០២៦ ខណៈការសម្រេចនេះ ត្រូវបានកម្ពុជាចាត់ទុកថា ជាសមិទ្ធផលដ៏សំខាន់មួយ បញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏ ខ្ជាប់ខ្ជួនរបស់ខ្លួន ចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើងថា គណៈកម្មាការកសាងសន្តិភាព (PBC) គឺជាស្ថាប័នប្រឹក្សារបស់អង្គការសហប្រជាជាតិ ដែលជួយដល់ប្រទេសដែលឆ្លងកាត់សង្គ្រាម និងជម្លោះឈានទៅរកសន្តិភាព។
ក្រសួង បានបញ្ជាក់បន្ថែមទៀតថា ការជាប់ឆ្នោតរបស់កម្ពុជាក្នុងស្ថាប័នដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងអំពីការគាំទ្រ និងទំនុកចិត្តយ៉ាងមុតមាំរបស់សហគមន៍អន្តរជាតិ ចំពោះការដឹក នាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីដែលកំពុងរីកលូត លាស់របស់កម្ពុជា ក្នុងវិស័យការទូត និងការកសាងសន្តិភាពជាដើម។
ក្នុងនាមជាប្រទេសដែលស្រឡាញ់ និងផ្សព្វផ្សាយអំពីសារៈ សំខាន់នៃសន្តិភាព កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។
ដោយចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៩០០០នាក់ ដើម្បីបម្រើការ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. ចំនួន១១ ដែលក្នុងនោះមានស្ត្រីជាង៨០០នាក់ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៥ នៅលើពិភពលោក ក្នុងការរួមចំណែកដល់ការថែរក្សាសន្តិភាព ពិភពលោក។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បានលើកឡើងទៀតថា ការប្រែក្លាយខ្លួនរបស់កម្ពុជា ពីប្រទេសរងគ្រោះដោយសារសង្គ្រាម រហូតទទួលបានសន្តិភាពយូរអង្វែង ជា ពិសេសបន្ទាប់ពីរបបខ្មែរក្រហម ក៏បានផ្តល់នូវមេរៀន និងការ យល់ដឹងដ៏មានតម្លៃ ចំពោះដំណើរការនៃការបង្រួបបង្រួមជាតិ ការកសាងប្រទេស និងកិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាព។
ក្នុងឱកាសដែលកម្ពុជាទទួលបាននូវតួនាទីដ៏សំខាន់នេះ កម្ពុជាសូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញា ចិត្តក្នុងការប្រកាន់ខ្ជាប់គោលការណ៍របស់អង្គការសហប្រជាជាតិ កម្ពុជានឹងបន្ត «ដើរតួនាទីសកម្ម ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពសាកល និងរួមចំណែកដល់ការលើកកម្ពស់អនាគតដែលប្រកបដោយ សន្តិភាព សុវត្ថិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា»៕