ឧត្តមសេនីយ៍ត្រីមេបញ្ជាការដឹកនាំកម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសរបាំងសាច់អួនវែងៗខុសច្បាប់ក្នុងតំបន់វាលភក់ ក្នុងស្រុកកំពង់លែង
កំ
ពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ យោងតាមបទបញ្ជាររបស់ថ្នាក់ដឹកនាំ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានដឹកនាំកម្លាំងកងទ័ព តំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង និងកម្លាំងទ័ពពិសេស៩១១ កងពលតូចលេខ៧០ ប្រមាណជិត ៥០នាក់ ចុះបង្ក្រាបបទល្មើសរបាំងសាច់អួនវែងៗ ខុសច្បាប់នៅចំណុចវាលភក់ ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយបានបំផ្លាញរបាំងសាច់អួនបាន។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងបញ្ជាក់ថា៖ គោរពតាមបទបញ្ជាររបស់ថ្នាក់លើ បានដឹកនាំកម្លាំងកងទ័ពប្រមាណជិត៥០នាក់ ចុះបង្ក្រាបបទល្មើសរបាំងសាច់អួនវែងៗខុសច្បាប់ ដែលខាងកម្លាំងស៊ើបការបានកំណត់និយាមការច្បាស់លាស់ហើយនោះ និងបានចុះកាប់បំផ្លាញរបាំងសាច់អួនទាំងនោះចោលនៅនឹងកន្លែងបានជាច្រើនខ្សែ។
តាមការបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ត្រី ក្នុង១ខ្សែៗមានប្រវែងចាប់ពី៧០០ម៉ែត្រដល់ជាង១ពាន់ម៉ែត្រ ដែលរបាំងសាច់អួនទាំងនេះ បានបាំងចរាចរណ៍ត្រីគ្រប់ប្រភេទមិនអោយចុះមកក្នុងទន្លេបាន។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី បានជួបជាមួយម្ចាស់របាំងទាំង នោះ និងបានណែនាំអោយពួកគាត់បញ្ឈប់ការដាក់របាំងវែងៗបែបនេះទៀត ដែលនាំអោយបាត់បង់ពូជត្រីទឹកសាបរបស់យើង។
លោកបានបន្ថែមថា៖ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងកងទ័ពនៃអង្គភាពផ្សេងទៀត នឹងបន្តការបង្ក្រាបបទល្មើសរបាំងសាច់អួន របាំងស្បៃមុង និងសម្រាស់ ដូចភ្លៀងរលឹម មិនអោយកើតមានបទល្មើសធំៗ វែងៗ ក្នុងដែន ទឹកខេត្តកំពង់ឆ្នាំងទៀតឡើយ។
សូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ទីរពាក់ព័ន្ធចូលរួមទប់ស្កាត់បទល្មើសទាំងនេះផង ដើម្បីធនធានជលផលរបស់យើងនៅគង់វង្ស៕