សម្ដេចអធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត

15

ខេត្តកំពត÷ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត និងសមិទ្ធផលនានា ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែអន្តរជាតិនេះស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ក្នុងស្រុកទឹកឈូ ខេត្តកំពត។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានសាងសង់នៅលើផ្ទៃដី ៤,២៥ហិកតា ដោយកសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ រួមមានផ្លូវបេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាតប្រព័ន្ធចម្រោះទឹកកខ្វក់ របង ប៉ុស្តិ៍យាម ចំណតរថយន្ត សួនច្បារ ស្រះទឹក អគារប្រមូលទុកដាក់សំរាម អគារបន្ទប់ទឹកសាធារណៈ អគារបច្ចេកទេស អគាររដ្ឋបាលនិងអ្នកដំណើរ ចំណតនាវា ប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងការបំពាក់ឧបករណ៍បច្ចេកទេសចាំបាច់ផ្សេងៗទៀតសម្រាប់ប្រតិបត្តិការ។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ នឹងរួមចំណែដើម្បីតភ្ជាប់ប្រព័ន្ធផ្លូវទឹករវាងខេត្តទាំង៤ជាប់សមុទ្រ ក៏ដូចជាតភ្ជាប់ជាមួយបណ្ដាកំពង់ផែទេសចរណ៍នៃប្រទេសជិតខាង និងក្នុងតំបន់។

រាជរដ្ឋាភិបាលបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជ ញ្ជូនឱ្យមានភាពប្រទាក់ក្រឡាទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស គាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តភាពថ្មីៗដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលម្ពុជា៕