រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥

27

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៥ ដែលប្រទេសកម្ពុជាយើង ទទួលបានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង។

ក្នុងពិធីទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៥ នេះ ប្រារព្ធធ្វើក្រោមអធិបតីភាពឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រម ទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុ សិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែក្នុងអង្គពិធីនាពេលនោះដែរ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ទិវាបុណ្យឯករាជ្យ ជាតិ ដែលបានធ្វើឡើងនាពេលនេះ ក្នុងន័យសម្ដែងនូវមនោសញ្ចេតនា សប្បាយរីករាយអបអរសាទរ ដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់ កម្ពុជា ដណ្ដើមបានទាំងស្រុងមកនូវវិញឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៌ ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដម នៃព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯក ភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គជាព្រះបិតាសន្តិភាព បានបង្រួបបង្រួម និងផ្សះផ្សាជាតិ ទ្រង់បានលះបង់ព្រះកាយ ពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លាឈ្លាសវៃ។

ឯកឧត្តម ក៏បានមានប្រសាសន៍ បន្តរទៀតថា សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណ ភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យ ឲ្យប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

វីរភាពដ៏អង់អាចក្លាហាននេះ គឺជាគម្រូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និង អភិវឌ្ឍន៍ជាតិឲ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត៕