សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League MWL”) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ធាគារអូតែលភ្នំពេញ

33

ក្នុងឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការកោតសរសើរចំពោះអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានផ្តួចផ្តើមរៀបចំកិច្ចប្រជុំកំពូលនេះ ដែលជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រ ដែលកម្មវិធីដ៏មានសារៈសំខាន់ និងមានអត្ថន័យជាសកល ក្នុងបរិការណ៍នៃសាសនាឥស្លាម ត្រូវបានប្រារព្ធឡើងនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ជាតិ សាសនា ព្រះមហាក្សត្រ» គឺជាបាវចនាជាតិរបស់កម្ពុជា, ហើយ រដ្ឋធម្មនុញកំណត់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ, ប៉ុន្តែយើងពិតជាមាន មោទនភាពក្រៃលែង ដែលអង្គការសម្ព័ន្ធពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីភាព, ភាពអត់ឱន, ភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និង សាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ប្រធានបទថ្ងៃនេះ គឺ «ឥស្លាម និង ពុទ្ធសាសនា» ដែលជាជម្រើសប្រធានបទដ៏ សក្តិសមបំផុត សម្រាប់ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ដែលតែងតែលើកស្ទួយកិច្ចសន្ទនា អន្តរសាសនា និង សន្តិសហវិជ្ជមានរវាងជំនឿសាសនា, សមាជិក របស់អង្គការសម្ព័ន្ធពិភពឥស្លាម, បណ្ដារដ្ឋ ៥៧ ប្រទេស ដែលជាសមាជិកនៃអង្គការ-សហប្រតិបត្តិការឥស្លាម (OIC) និងប្រទេសនានាលើសាកលលោកសុទ្ធតែបានទទួលស្គាល់ថា កម្ពុជា គឺជាប្រទេសគំរូមួយ ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និង ទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាពជំនឿសាសនា របស់ប្រជាពលរដ្ឋទូទៅ, បូករួមទាំងបងប្អូនសាសនិកឥស្លាម ។

ចំណែក ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធពិភពឥស្លាម បានមានប្រសាសន៍ថា អង្គការសម្ព័ន្ធពិភពឥស្លាម និងបណ្តាប្រទេសជាច្រើនទៀត គឺថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនោះ បានវាយតម្លៃខ្ពស់និងបានកោតសរសើរដល់កម្ពុជា ដោយបានប្រៀបយកកម្ពុជាធ្វើជាគម្រូដ៏ ល្អនៃប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍និងសាសនា រវាងសាសនិកឥស្លាមភាគតិចប្រមាណតែ ៥% និងសាសនិកនៃព្រះពុទ្ធសាសនាប្រមាណ ៩៣% និងសាសនាផ្សេង ២% ដែលបានសាមគ្គីភាពនឹងគ្នា ប្រកបដោយការអត់ឱន។

ឯកឧត្តមបណ្ឌិតបន្តថា ដើម្បីជាការបញ្ជាក់ពីវឌ្ឍនភាពសាសនានៅកម្ពុជា និងសហវិជ្ជមាននេះ ហើយដែលខ្ញុំបាទ បានស្នើសុំឯកឧត្តម បណ្ឌិត Muhammad Bin Abdul Karim Al-Issa អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ដើម្បីពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំកំពូលឥស្លាមនេះ នៅកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តមនៅប្រទេសម៉ាឡេស៊ី និងបូស្មី ហិកហ្ស៊ីហ្គូវីណា។ អាស្រ័យហេតុនេះហើយ ទើបអង្គការសម្ព័ន្ធពិភពឥស្លាម សម្រេចចិត្តរៀបចំកិច្ចប្រជុំ កំពូលឥស្លាមនេះ ជាលើកទី១ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

សូមជម្រាបជូនថា សមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត ២ពាន់លាននាក់ និងអង្គរការសម្ព័ន្ធពិភពឥស្លាម រួមទាំងបណ្តាប្រទេសជាច្រើនទៀត គឺថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនេះ បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយប្រៀបយកកម្ពុជា ធ្វើជាគំរូដ៏ល្អនៃប្រទេសដែលមានសុខដមនីយកម្មជាតិសាសន៍ និងសាសនា រវាងឥស្លាម ៥% ព្រះពុទ្ធសាសនាប្រមាណ ៩៣% និងសាសនាផ្សេងៗ ២% ដែលមានសាមគ្គីភាពនឹងគ្នា ប្រកបដោយការអត់ឱន ដើម្បីជាការបញ្ជាក់ពីវឌ្ឍនភាពសាសនានៅកម្ពុជា ទើបសម្រេចចិត្តមករៀបចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា ដែលជានេះជាលើកទី១៕