លោក យ៉ែម លក្ខិណា បានដឹកនាំក្រុមការងារមនុស្សធម៌អនុសាខាស្រុក ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលជួបគ្រោះខ្យល់កន្ត្រាក់ និងគ្រួសារក្រីក្រចំនួន២ឃុំ ក្នុងស្រុកកំពង់លែង
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ លោក យ៉ែម លក្ខិណា ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទ ក្រហមស្រុកកំពង់លែង និងជាអភិបាលនៃគណៈអភិបាល ស្រុក រួមនឹងសមាជិក សមាជិការ គណៈកម្មាធិការ អនុសាខាកាកបាទក្រហមស្រុក បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៍ ជូនដល់គ្រួសារដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់របើកដំបូលផ្ទះ ចំនួន៥ គ្រួសារ នៅភូមិកំពង់បាចិន ក្នុងឃុំពោធិ៍។
ក្នុងនោះដែរអំណោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យូ ឃីត១កញ្ចប់ ទឹកត្រី១យូ ទឹកស៊ីអ៉ីវ១យូ និងថវិកា ៥០,០០០រៀល។
ឆ្លៀតឱកាសនោះដែរ លោកអភិបាលស្រុក បានបន្តដំណើរចុះទៅភូមិសំរោងសែន និងភូមិប៉ប្រក ក្នុងឃុំសំរោងសែន ដើម្បីបន្តសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ចែកជូនគ្រួសារក្រីក្រចំនួន ៤ គ្រួសារទៀតដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម មី១កេស ត្រី១យូ ទឹកស៊ីអ៉ីវ១យូ ឃីត១កញ្ចប់ ឆ្នាំងបាយឆ្នាំងសម្លរ វែកបាយវែកសម្លរ ស្លាបព្រា ចានបាយចានសម្លរ ធុងទឹក បំពង់ទឹកក្តៅ ជ្រុញ កន្ទេល ចានស្រាក់ រួមជាមួយសម្ភារៈផ្ទះបាយមួយចំនួនទៀតនិងថវិកា៥០,០០០រៀល។
ក្នុងឱកាសសួរសុខទុក្ខនោះលោក យ៉ែម លក្ខិណា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខនិងចូលរួមសោកស្តាយពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មា ធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចំពោះគ្រួសាររងគ្រោះ និងគ្រួសារដែលមានជីវភាពខ្វះខាត។
ជាមួយគ្នានោះលោក បានអំពាវនាវ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសនារដូវ វស្សា បានជិតខិតចូលមកដល់ សូមប្រុងប្រយ័ត្នចំពោះករណីលង់ទឹកតាមប្រភពទឹកផ្សេងៗ និងត្រូវរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនយើងពីជំងឺផ្សេងៗ។