សម្តេចតេជោ ហ៊ុន សែន បង្ហាញការសោកស្តាយ និងថ្កោល ទោស ចំពោះការវាយឆ្មក់ពីការឈ្លានពាន
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ឧសភានេះបានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខជាមួយគ្រួសាររបស់ព្រិន្ធបាលឯក សួន រោន ដែលបានស្លាប់ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន សម្តេចបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ដោយបញ្ជាក់ថាព្រំដែនគួរតែជាតំបន់សន្តិភាព មិត្តភាព និងសហប្រតិបត្តិការអភិវឌ្ឍ មិន មែនជាទីកន្លែងនៃការប្រើអំពើហិង្សានោះទេ។
សម្តេចបានបញ្ជាក់ថា សកម្មភាពនេះមានសភាពប្រហាក់ប្រហែលនឹងការឈ្លានពាននៅតំបន់ប្រាសាទព្រះវិហារ ក្នុងឆ្នាំ ២០០៨ ដល់ ២០១១ ដែលជាព្រឹត្តិការណ៍ធ្ងន់ធ្ងរបង្កអាសន្នភាពតំបន់។ ដូច្នេះ សម្តេចបានលើកឡើងថា សម្តេចគាំទ្រដល់សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅតាមបណ្តោយព្រំដែន ដើម្បីត្រៀមការពារជាតិនៅក្នុងករណីមានការឈ្លានពានបន្ត។
ក្នុងអន្តរកាលនេះ សម្តេចតេជោ សង្ឃឹមថាកិច្ចចរចាដែលនឹងធ្វើឡើងរវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងអាចនាំឲ្យមានលទ្ធផលល្អ និងបន្ធូរភាពតានតឹង តាមបណ្តោយព្រំដែន ក៏ដូចជាមិនមានឧបសគ្គដល់កិច្ចសហការផ្សេងទៀតដែលជាប្រយោជន៍រួមរបស់ប្រទេសទាំងពីរឡើយ។
សម្តេចបានអំពាវនាវដល់បងប្អូនជនរួមជាតិឲ្យកុំបង្កើនជម្លោះនេះទៅជាបញ្ហាស្អប់ខ្ពើមជាតិសាសន៍ ហើយសូមជឿជាក់លើសមត្ថភាពដោះស្រាយតាមផ្លូវយុទ្ធសាស្រ្តរួម រួមមាន ផ្លូវយោធា ការទូត និងផ្លូវច្បាប់ ដូចដែលបានអនុវត្តក្នុងអតីតកាល។
សម្ដេចតេជោបានបញ្ជាក់ឃ្លាចុងក្រោយថា «យើងស្អប់សង្រ្គាម ប៉ុន្តែបើមានការឈ្លានពានយើងត្រូវត្រៀមខ្លួនធ្វើសង្រ្គាម ដើម្បីការពារជាតិ» សម្តេចបានបញ្ចប់បែបនេះ។