សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រគល់ដី២ហិកតាតម្លៃជាង ១០លានដុល្លារ នៅជ្រោយចង្វារ ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី
ភ្នំពេញ៖ ក្រោយជំនួបជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលដឹកនាំដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងប្រគល់ដី ចំនួន ២ហិកតា ដែលទិញតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន នៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។
សម្ដេចតេជោបានបន្ថែមទៀតថា កការសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រ្តីស្នាក់ចំនួន៥០០នាក់ ដោយក្នុង ១ បន្ទប់ ស្នាក់នៅ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូចនេះយើងត្រូវកសាង ចំនួន ១២០ បន្ទប់ ក្នុងនោះយើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺនិងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។
ក្រោយការសាងសង់នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។សម្ដេចតេជោ ប្រធានព្រឹទ្ធសភា សង្ឃឹមថាអន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕