សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង រៀបចំពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៥

25

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ២០០៧ -២១ មិថុនា ២០២៥ ដែលពិធីនេះរៀបចំនៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត សាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំង ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង/ស្រុក ទាំង៨ កងកម្លាំងទាំងបី និង បងប្អូនអតីតយុទ្ធជនជាច្រើនរូប។

ស្ថិតក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និង រាយការណ៍អំពីសមិទ្ធិផលនានា ដែលគណៈ កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត សម្រេចបានក្នុងឆ្នាំកន្លងទៅ ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយ ចំនួន ដូចជា ការសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ រួមជាមួយដីសម្រាប់បង្កបង្កើនផលចិញ្ចឹមសត្វ នៅតំបន់ដីសម្បទានសង្គមកិច្ច អតីតយុទ្ធជន ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្រៅពីនោះបានប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះជូនក្រុមគ្រួសារសពអតីតយុទ្ធជន ក្នុងមួយសពចំនួន ៤លានរៀល សម្រាប់ធ្វើបុណ្យសពបានទាន់ពេលវេលា នឹងបានសហការជាមួយលោកប្រធានសាខាជំនួយមូលនិធិសង្គមខេត្តកំពង់ធំ បើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពបានជាច្រើនសព ព្រមជាមួយនោះ ក៏បាននាំយកស្បៀងអាហារ គ្រឿងឧប ភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងជួយដោះស្រាយដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការ ជួបការលំបាកជីវភាព នៅតាមមូលដ្ឋានផងដែរ។

ឯកឧត្តម អម សុភា អភិបាលរងខេត្ត ក្នុងនាម ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងនូវការអបអរសាទរចំពោះទិវាអតីតយុទ្ធជនខួបលើកទី១៨ ដែលបានប្រារព្ធធ្វើនៅ ឆ្នាំ២០២៥នេះ និងជារៀងរាល់ឆ្នាំកន្លងមក គឺជាការដឹងគុណដល់វីរភាពរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ដោយមានគុណបំណាច់របស់បងប្អូន អ៊ំ ពូមីងជាវីរៈអតីតយុទ្ធជន ទើបយើងមានអ្វីៗនៅថ្ងៃនេះ។

ឯកឧត្តម អភិបាលរង សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គុទេសក៏ឯក នៃនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញ និង បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំ ជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ អ៊ំ ពូ មីង ជាវីរៈអតីតយុទ្ធជន ទាំងការផ្ដល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះសម្បែង និងការដោះស្រាយជីវភាពលំបាកខ្វះខាតផ្សេងៗ តាមរយៈប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាពេលកន្លងទៅ។

នៅក្នុងឱកាសអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បាននាំយកអង្ករ សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនចំនួន ៦០គ្រួសារ ដែលបានអញ្ជើញចូលរួម ក្នុងនោះ០១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ កន្ទេល១ រួមនឹងថវិកាចំនួន ៥ម៉ឺនរៀល៕