ឯណាទៅភូមិឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋស្នើសុំដល់លោកអភិបាលក្រុង មេត្តាជួយចុះបង្ក្រាបល្បែងស៊ីសងតាមអនឡាញ មាន់ជល់អនឡាញ និងឆ្នោតឡូតូផង
កំពង់ឆ្នាំង÷ ប្រភពពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារ ព័ត៌មានយើង ឱ្យជួយផ្សព្វផ្សាយដើម្បីឲ្យដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយចុះបង្ក្រាបល្បែងស៊ីសងឆ្នោតឡូតូគ្រប់ប្រភេទ និងល្បែងបញ្ជល់មាន់តាមអនឡាញ និងឆ្នោតឡូតូក្នុងក្រុងកំពង់ឆ្នាំងផង តាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ឱ្យដឹង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដែលមានទីតាំងល្បែងឆ្នោតឡូតួ ១ ស្ថិតនៅចំណុចហាងកាហ្វេទល់មុខគ្នា ជិតនឹងសួនកុមារ ភូមិទី១ សង្កាត់ខ្សាម
២ ស្ថិតនៅក្នុងភូមិចុងភូមិយួនភូមិទី៧ សង្កាត់ខ្សាម ៣ ផ្ទះថ្មហាងកាហ្វេមួយកន្លែង ចំណុចផែរត្រី ភូមិទី៧ សង្កាត់ខ្សាម
៤ ផ្លូវចូលសាលាចិន សង្កាត់ផ្សារឆ្នាំង
៥ ផ្លូវផ្អេរ ឃុំស្រែថ្មី ផ្លូវឆ្ពោះឡើងទៅភ្នំក្រាំងដីមាស ៦ ហាងកាហ្វេយួនមួយកន្លែងក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ។
គួរបញ្ជាក់ថាចំណុចទីតាំងខាងលើទាំងអស់នេះមានតាំងពីល្បែងអនឡាញឆ្នោតឡូតូ និងល្បែងសត្វគ្រប់ប្រភេទដែលចេញតាមកញ្ចក់កុំព្យូទ័រនិងម៉ាស៊ីន ដែលមានមនុស្សអ៊ូអរលេងតាមតុកាហ្វេជារៀងរាល់ថ្ងៃដោយគ្មានកោតក្រែងនិងច្បាប់ ហាមឃាត់សោះឡើយ។
តាមប្រភពបានបន្តថា សង្ស័យតែមានខ្សែខ្នងនៅពីក្រោយហើយ បានជាហ៊ានបើកលេងហូរកញ្ច្រៀវសប្បាយអើងកងយ៉ាងនេះ ជាច្រើនកន្លែងដោយគ្មានកោតក្រែង ពលរដ្ឋខ្លះបានមានការងឿងឆ្ងល់ថា តើអាជ្ញាធរសមត្ថកិច្ចធ្វើអ្វីបានជាបង្កើតឲ្យមានល្បែងស៊ីសង ខុសផ្ទុយស្រឡះនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ ។
កន្លងមកអាជ្ញាធរខេត្ត និងបានដាក់បទបញ្ជាយ៉ាងតឹងរឹងទៅលើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវបង្ក្រាបឲ្យអស់ តែមិនដូច្នោះក្នុងរយៈពេលកន្លងមកនេះ ក្រោយពីអាជ្ញាធរខេត្ត បានជូនដំណឹងនិងដាក់បទបញ្ជាឲ្យអធិការក្រុងស្រុក ធ្វើការផ្សព្វផ្សាយ នូវការទប់ស្កាត់ល្បែងស៊ីសងក្នុងមូលដ្ឋាន កន្លងមកយ៉ាងណាប៉ុន្តែនៅតែមានរីកឡើងវិញដូចផ្សិតដដែល។
គួររំលឹកផងដែរថាថ្មីៗនេះ មានការរឹតបន្តឹងនិងមានការណែនាំពីសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុបានដាក់បទបញ្ជាមកអភិបាលរាជធានីខេត្តរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យធ្វើការទប់ស្កាត់និងបង្ក្រាប ពាក់ព័ន្ធនិងករណីល្បែង ស៊ីសង និងកំណត់មុខសញ្ញាឲ្យបានត្រឹមត្រូវហើយអនុវត្តឲ្យបានហ្មត់ចត់ ដើម្បីពង្រឹងនូវគោលនយោបាយ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចជូនប្រជាពលរដ្ឋ។
តែផ្ទុយទៅវិញល្បែងស៊ីសងតាមអនឡាញដែលមានច្រើនទីតាំងនៅក្នុងក្រុងកំពង់ឆ្នាំងបានបើកដំណើរការលេងយ៉ាងរលូនទៅវិញមានន័យថាអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ក្រោមជាតិធ្វើការផ្ទុយពីគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលហើយ។
ពលរដ្ឋបានរអ៊ូរទាំថា គន្លងមកតែងតែបាត់ម៉ូតូជាញឹកញាប់ និងចោរកម្មផ្សេងៗដោយសារតែមានល្បែងអនឡាញរីកដូចផ្សិតនៅក្នុងខេត្តកំពង់ឆ្នាំង ឬមួយមានខ្នងបង្អែកយ៉ាងធំនៅពីក្រោយខ្នង ទើបល្បែងអនឡាញបើកលេងបានយ៉ាងរលូន។
បើទោះជាយ៉ាងណពលរដ្ឋសង្ឃឹមជឿជាក់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន និងចុះស្រាវជ្រាវបង្ក្រាបនិងហាម ឃាត់ទីតាំងល្បែងទាំងអស់នេះហើយបានអស់ក្នុងពេលឆាប់ៗនេះ៕