សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងសប្បុរសជន សម្ដេចយាង អញ្ជើញ ចុះសួរសុខទុក្ខ និងប្រទានថវិកា និង ថ្នាំពេទ្យ គ្រឿងបរិភោគដល់កងទ័ព និងជនភៀសសឹក ចំនួន១៣៤០ គ្រួសារ នៅខេត្តឧត្តរមានជ័យ
នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ ២០២៥ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងជាព្រះ ប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី សម្ដេចយាងដឹកនាំ ព្រះមន្រ្តីសង្ឃ និងសប្បុរសជនអញ្ជើញយាងសួរសុខទុក្ខ និងប្រទានថវិកា និង ថ្នាំពេទ្យ គ្រឿងបរិភោគដល់កងទ័ពនិងជនភៀសសឹក ១៣៤០ គ្រួសារ នៅភូមិអូតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងពិធីយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៥ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះបន្ទូលទៅកាន់បងប្អូនកងទ័ព និងពលរដ្ឋភៀសសឹកថា សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែន កម្ពុជា- ថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្កឡើងដោយកងទ័ពថៃជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម្ពុជារបស់យើង ផ្ទុះអាវុធតបតតាមក្រោយ ដើម្បីការពារទឹកដី។
សម្តេចជាអង្គម្ចាស់ មានបន្ទូបន្តថា កន្លងមកក្រោមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកងទ័ពយើងមានការអត់ធ្មត់ខ្លាំងណាស់ ដែលការអត់ធ្មត់នេះ គឺដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរយើង ពិសេសប្រជាពលរដ្ឋនៅតាមព្រំដែន។
ការផ្ទុះអាវុធដែលបង្កឡើងដោយកងទ័ពថៃ រយៈពេល ៥ ថ្ងៃ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនត្រូវបង្ខំចិត្ត ចាក ចេញពីផ្ទះសម្បែង មកស្នាក់នៅបណ្តោះអាសន្ន តាមទីតាំងសុវត្ថិភាពផ្សេងៗ នៅតាមវត្តអារ៉ាម និងកន្លែងសាធារណៈជា ច្រើនទៀត ធ្វើយ៉ាងណាគេចឱ្យផុតពីគ្រាប់ផ្លោងរបស់ថៃ។
ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យមានការចរចារទ្វេរភាគីរវាងប្រទេសទាំង២ កើតឡើង ក្រោមការផ្ដួចផ្ដើមរបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដោយមានការជួយសម្របសម្រួល ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងសង្កេតការណ៍ដោយចិន ឈានដល់ការសម្រេចបទឈប់បាញ់គ្នាទាំងស្រុង នៅម៉ោង ១២.០០នាទីយប់ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក។
សម្តេចព្រះមហាសង្ឃរាជ មានបន្ទូលបន្ថែមថា ទោះបីជាបង ប្អូនមកស្នាក់នៅបណ្តោះអាសន្ន តាមទីតាំងសុវត្ថិភាពផ្សេងៗ ប៉ុន្តែទទួលបានការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចធិបតី និងលោជំទាវបណ្ឌិត ក៏ដូចជាអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងខេត្តឧត្តរមាន ជ័យ ផងដែរ ហើសូមបងប្អូនពលរដ្ឋភៀសសឹកទាំងអស់ ត្រូវចេះស្រលាញ់គ្នា រាប់អានគ្នា និងត្រូវថែរក្សាសុខភាពឱ្យបានល្អក្នុងពេលស្នាក់នៅបណ្ដោះអាសន្នតាមជុំរុំផ្សេងៗ ។
សម្រាប់អំណោយ ដែលបាននាំយកទៅផ្ដល់ជូនកងទ័ពការពារព្រំដែន និងពលរដ្ឋជនភៀសសឹកនោះ នៅទីទួលសុវត្ថិភាព ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រូមមាន អង្ករ ថ្នាំ ពេទ្យ សាច់ក្រក-ត្រីងៀត សៀងផ្អែមឆៃប៉ូវផ្អែម នំលីលី មីខ្មែរ ធូបមូស ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ត្រចៀកកាំ ២ អូរវ៉ាទីន មៀនកំប៉ុង ស្បែកជើង សាប៊ូ ភួយ ខោ អាវ រួមទាំងថវិការមួយចំនួន ។
សូមជម្រាបជូនថា៖សម្រាប់ការរៀបចំថ្នាំមានចំនួន ២០មុខ ស្មើនឹង៣០ម៉ឺនគ្រាប់ ទុកលេបព្យាបាលជំងឺជំងឺដូចជា រាករុះ ចុកពោះ គ្រុនក្តៅ គ្រុនផ្តាសាយ ហេវហត់ អស់កំលាំង ឈឺ ក្រពះ ឈឺសន្លាក់ដៃសន្លាក់ជើង ឈឺចុករោយសាច់ដុំរួមទាំជំងឺផ្សេងៗទៀត៕